ចិញ្ចឹមកង្កែបសម្រាប់ធ្វើជាមុខរបរ
គេអាចចិញ្ចឹមកង្កែបតាមវិធីសាស្ត្រច្រើនយ៉ាង
អាស្រ័យដោយប្រាក់កាស និងគោលដៅរបស់អ្នកចិញ្ចឹម។
ប៉ុន្តេជាទូទៅការចិញ្ចឹមនៅក្នុងអាងស៊ីម៉ង់ មានប្រសិទ្ធិភាពជាង ព្រមទាំងអាចប្រើការបានយូរអង្វែងទៅមុខទៀតផង។
កង្កែបអាចចិញ្ចឹមនៅទីណាក៏បាន
សូម្បីអាងស៊ីម៉ង់ដែលចោលមិនប្រើការក៏អាចយកមកធ្វើជាកន្លែងចិញ្ចឹមកង្កែបបានដែរ។
ក្រៅពីការចិញ្ចឹមក្នុងអាងស៊ីម៉ង់ យើងក៏អាចចិញ្ចឹមវាក្នុងស្រះ ឬចិញ្ចឹមក្នុងស្បៃដាក់ក្នុងបឹង
ឬត្រពាំងធំៗក៏បាន រឿងនេះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកចិញ្ចឹម
និងស្ថានភាពអំណោយផលជាក់ស្តែងប៉ុណ្ណោះ។
វិធីចិញ្ចឹមក្នុងអាងស៊ីម៉ង់ :
យើងអាចធ្វើអាងស៊ីម៉ង់មានទំហំ
- 2m x 3m = 6 ម៉ែត្រការ៉េ
- 2m x 5m = 10 ម៉ែត្រការ៉េ
- 3m x 5m = 15 ម៉ែត្រការ៉េ
- 4m x 6m = 24 ម៉ែត្រការ៉េ
- 5m x 6m = 30 ម៉ែត្រការ៉េ
ឬអាចធ្វើអាងធំជាងនេះក៏បានទៅតាមការចូលចិត្ត
និងអាស្រ័យទៅតាមទីកន្លែងសម្រាប់ធ្វើវា។ អាងត្រូវមានកំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បីការពារកុំឲ្យកង្កែបលោតចេញ។
បាតស្រះត្រូវធ្វើឲ្យមានជម្រាលទៅម្ខាងប្រមាណជា ៥ដឺក្រេ
ដើម្បីឲ្យងាយស្រួលប្តូរទឹក ដោយរៀបឲ្យមានជាប្រព័ន្ធបង្ហូរទឹកចេញ-ចូល
ឲ្យរួចស្រេច។ នៅពីលើអាងត្រូវមានដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង
ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ។ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត
ឬត្រជាក់ពេកនោះដែរ។ ចំណែកកម្រិតកំពស់ទឹកក្នុងអាង
គឺត្រូវរក្សាឲ្យនៅត្រឹម ១ភាគ២ ឬ២ភាគ៣ នៃខ្លួនកង្កែបបាន
ហើយមិនត្រូវឲ្យច្រើនជាងនេះឡើយ។ ត្រូវបាញ់ទឹកសាចដាក់កង្កែបជាប្រចាំ
នៅពេលមេឃមានកំដៅខ្លាំង។
ដង់ស៊ីតេកូនកង្កែបសម្រាប់ចិញ្ចឹម
:
- នៅក្នុងខែទីមួយ : លែងកូនកង្កែប ១៥០-២០០ ក្នុងមួយម៉ែត្រការ៉េ
- នៅក្នុងខែទីពីរ : លែងកូនកង្កែប
១០០ ក្នុងមួយម៉ែត្រការ៉េ
- នៅក្នុងខែទីបី : លែងកូនកង្កែប
៨០-១០០ ក្នុងមួយម៉ែត្រការ៉េ
ក្រោយពេលព្រលែង និងចិញ្ចឹមបានពី ៧
ទៅ ១០ថ្ងៃ ត្រូវចាប់យកកូនកង្កែបក្នុងហ្វូង ជ្រើសយកតែកូនណាដែលធំជាងគេ
ដើម្បីបញ្ចៀសកុំឲ្យវាស៊ីគ្នា។ នៅពេលកង្កែបមានទម្ងន់បានពី ៥០-៦០ក្រាម
ការស៊ីគ្នារបស់កង្កែបនឹងថយចុះ តែគួរផ្លាស់ប្តូរទឹកជាប្រចាំឲ្យវា។
ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ
តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់
ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង
១ថ្ងៃ។
ការឲ្យចំណី :
- ត្រូវផ្តល់ចំណីឲ្យកង្កែបស្មើ ៧ ទៅ
១០ភាគរយនៃទម្ងន់ខ្លួនកង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
- ត្រូវផ្តល់ចំណីចំនួន ៣ ទៅ
៥ភាគរយនៃទម្ងន់ខ្លួន សម្រាប់កង្កែប ១០០-២៥០ក្រាម ចំនួន
២ទៅ៣ដងក្នុងមួយថ្ងៃ។
កង្កែបវាស៊ីច្រើននៅពេលព្រលប់
និងពេលយប់ ពេលថ្ងៃវាមិនសូវស៊ីទេ ចំណីត្រូវផ្តល់ឲ្យវានៅពេលយប់ស្មើ
២ភាគ៣ នៃចំណី ដូច្នេះឲ្យវាស៊ីតែមួយភាគបានហើយនៅពេលថ្ងៃ។
ចំណីសម្រាប់ផ្តល់ឲ្យកង្កែបត្រូវលាយបន្ថែមវីតាមីនសេ
(C) និងមេរំលាយចំណី ដើម្បីជួយឲ្យកង្កែបបង្កើនថាមពលសុខភាព
និងអាចកិនរំលាយចំណីបានល្អ។
បើយើងចិញ្ចឹមក្នុងអាងស៊ីម៉ង់ត្រូវដាក់ទឹកឲ្យមានកំពស់ត្រឹម
១០ ទៅ ២០សង្ទីម៉ែត្របានហើយ លៃធ្វើយ៉ាងណាកុំឲ្យកម្រិតទឹកខ្ពស់ជាងនេះឲ្យសោះ
ទោះបីទឹកមានជម្រៅរាក់ក៏ដោយ ក៏ត្រូវតែដាក់ក្បួនដោយប្រើបំពង់ទីបជ័រ
ធ្វើជាពោងបិទចុងសងខាង ឬប្រើឫស្សីច្នៃធ្វើជាក្បួនក៏បាន
សម្រាប់ឲ្យកង្កែបឡើងមកទំ នៅពេលវាត្រូវការ យើងអាចប្រើវត្ថុអ្វីក៏បាន
បើយល់ថាអាចឲ្យកង្កែបឡើងទុំបាន។
អ្វីដែលប្រើសម្រាប់ឲ្យកង្កែបឡើងទុំនោះ គឺត្រូវធានាឲ្យបានថា
កង្កែបទាំងអស់អាចឡើងទំបាន តែមិនត្រូវឲ្យចង្អៀតពេកសម្រាប់វាឡើយ
គ្រឿងសម្រាប់ឲ្យកង្កែបឡើងទំអាចមានទំហំស្មើ ១ភាគ៣ ឬ ១ភាគ២
នៃទំហំអាង។
ការចិញ្ចឹមកង្កែបក្នុងស្រះដី :
ស្រះអាចមានទំហំចាប់ពី ៣០ ទៅ
៣០០ម៉ែត្រការ៉េ (4 x 8, 5 x 10, 10 x 20)។ ស្រះចិញ្ចឹមមិនត្រូវឲ្យធំពេកទេ
ព្រោះអាចពិបាកគ្រប់គ្រងវា។ នៅជុំវិញស្រះត្រូវហ៊ុំព័ន្ធដោយស្បៃនីឡុង
មានកំពស់មួយម៉ែត្រ ដើម្បីការពារកុំឲ្យកង្កែបលោតចេញ
គ្រឿងសម្រាប់ហ៊ុំព័ន្ធស្រះនេះអាចប្រើអ្វីក៏បាន
ឲ្យតែអាចការពារកុំឲ្យកង្កែបលោតចេញបាន។
ចំណែកកម្រិតទឹកក្នុងស្រះ
ត្រូវមានកំពស់ត្រឹមតែ ២០ ទៅ ៣០សង្ទីម៉ែត្របានហើយ
ព្រមទាំងរៀបចចំប្រព័ន្ធសម្រាប់បូមទឹកចេញចូល ដើម្បីគ្រប់គ្រងកំពស់ទឹកក្នុងស្រះ។
ដង់ស៊ីតេកង្កែបក្នុងស្រះ
អាចដាក់បានចំនួន ៦០ ទៅ ៨០ក្បាល ក្នុងមួយម៉ែត្រការ៉េ នៅក្នុងខែដំបូង
តែគួរឲ្យមានគ្រឿងសម្រាប់កង្កែបឡើងទំដូចក្នុងអាងស៊ីម៉ង់ដែរ
(កំប្លោកក៏អាចប្រើធ្វើជាកន្លែងឲ្យកង្កែបឡើងទំបានដូចគ្នា
តែមិនត្រូវឲ្យច្រើនពេកទេ)។
ទឹកក្នុងស្រះត្រូវផ្លាស់ប្តូរឲ្យបានរាល់ថ្ងៃ
ដើម្បីចៀសវាងកុំឲ្យកង្កែបមានជម្ងឺ ដោយប្តូរត្រឹម ១ភាគ៣ ឬ ១ភាគ៤
នៃទឹក។ ការចិញ្ចឹមក្នុងស្រះដីចំណាយកម្លាំងតិចជាងការចិញ្ចឹមក្នុងអាងស៊ីម៉ង់
ទាំងការចំណាយនាពេលដំបូងក៏តិចជាងដែរ។
សូមរើសតែកង្កែបណាដែលធំជាងគេក្នុងចំណោមកូនមកចិញ្ចឹម
ដើម្បីរក្សាបាននូវពូជកង្កែបឆាប់ធំ មួយទៀតនោះត្រូវចាំថា
ការចិញ្ចឹមក្នុងស្រះមានអត្រារស់ទាបជាងចិញ្ចឹមក្នុងអាង៕